មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច៖ ការតែងតាំងព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ ជាប្រធានស្តីទីមិនចាំបាច់ធ្វើសមាជអ្វីនោះទេ

0

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យធ្វើជាប្រធានស្តីទីគណបក្សនោះ គឺមិនចាំបាច់សមាជ ឬធ្វើសន្និបាតអ្វីនោះទេ ពីព្រោះនេះជាប្រធានស្តីទីមិនមែនជាប្រធានពេញសិទ្ធិនោះឡើយ។

ការអះអាងរបស់មន្រ្តីរូបនោះ គឺបានធ្វើឡើងក្រោយ ក្រសួងមហាផ្ទៃ បានស្នើឱ្យសម្តេចក្រុមព្រះ ពិនិត្យនិងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស ក្រោយពេលតែងតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច។

យ៉ាងណាក៏ដោយមន្រ្តីជាន់ខ្ពស់របស់គណបក្សរាជានិយមមួយនេះ បានថ្លែងថា ការតែងតាំងរបស់ឱ្យព្រះអង្គចក្រា វុឌ្ឍជាប្រធានស្តីទីនេះគឺស្របតាមលក្ខន្តិកៈរបស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រកា២៣-២៤ និងប្រកា៥៩ស្ទួន គឺករណីដែលប្រធានគណបក្សអវត្តមាន ឬមកធ្វើការពុំបានដោយ ប្រកាណាមួយ អនុប្រធានត្រូវបំពេញកិច្ចការជំនួសប្រធានគណបក្សជាប្រធានស្តីទីតាមរយៈលិខិតផ្ទេរសិទ្ធិ។

ប្រភពបានបញ្ជាក់ទៀតថា «តាមលក្ខន្តិកៈរបស់គណបក្សយើងមិនចាំបាច់ធ្វើសមាជអ្វីនោះទេ ពីព្រោះស្តីទី គឺត្រឹមតែជំនួសជាបណ្តោះអាសន្នប៉ុណ្ណោះ ហើយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ព្រះអង្គក៏គ្រោងនឹងយាងមកវិញឆាប់ៗនេះដែរ ហើយពេលព្រះអង្គមាតុភូមិនិវត្តន៍វិញ ព្រះអង្គនឹងក្លាយជាប្រធានវិញដដែល»

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលសុខភាព នៅក្រៅប្រទេស កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បានសេចក្តីសម្រេចមួយ តែងតាំងបុត្ររបស់ព្រះអង្គ១រូប គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here