ជិះម៉ូតូលឿនជ្រុលបុករថយន្តពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់

0

ភ្នំពេញ: បុរស៣នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីស LX-570 ពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង១០ នាទីយប់ថ្ងៃទី ០៨ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចអតីតរង្វង់មូលអាងទឹក តាមបណ្ដោយផ្លូវព្រះមុនីរ៉េត កែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស៣នាក់ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1R-9870ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត ឡិចសុីសLX-570 ពណ៌ខ្មៅ ១គ្រឿងពាក់ស្លាកលេខភ្នំពេញ2Y-5455ធ្វើដំណើរតាមធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៥ ឆ្លងទៅផ្លូវព្រះសីហនុ ក្នុងទិសដៅពីជើងទៅត្បូង ចំផ្នែកខាងមុខចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ទាំង៣នាក់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here